Home » , » រីករាយជាមួយការសិក្សាស្រាវជ្រាវ Google នឹង​បង្ហោះ​ការ​បកប្រែ​គេហទំព័រ

រីករាយជាមួយការសិក្សាស្រាវជ្រាវ Google នឹង​បង្ហោះ​ការ​បកប្រែ​គេហទំព័រ

Written By TV Online cambodia on Wednesday, March 20, 2013 | 5:26 PM

   ភ្នំពេញ : ប្រជាជន​លើ​ពិភពលោក​ដែល​មិន​សូវចេះភាសាអង់គ្លេស នា​ពេល​ខាង​មុខ​នេះ​នឹង​អាច​យល់​និង​អាន​គេហទំព័រ​ភាសា​ខ្មែរ​បាន ខណៈ​ដែល​ក្រុមហ៊ុន Google នឹង​ចេញ​កម្មវិធី​បកប្រែ​ភាសា​ខ្មែរ ដែល​អាច​នឹង​បង្ហោះ​ផ្សាយ​ក្នុង ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ។

   លោក ហេង សុវណ្ណ អ្នក​សម្រប​សម្រួល​ម្នាក់​ក្នុង​ចំណោម​អ្នក​សម្រប​សម្រួល​របស់​ក្រុមហ៊ុន Google ប្រចាំ​ប្រទេស ដែល​ចូលរួម​ដំណើរ​រៀបចំ​កម្មវិធី​បកប្រែ​នេះ បាន​ថ្លែង​ថា ការងារ​បង្កើត​ឲ្យ​មាន​ការ​បកប្រែ​នេះ​គឺ​បាន​រៀបចំ​ឡើង​រយៈពេល​ប្រហែល​៥ឆ្នាំ​ហើយ។ លោក សុវណ្ណ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា កម្មវិធី alpha បាន​បង្កើត​រួច​ហើយ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​តេស្ដ​សាកល្បង​ជា​លក្ខណៈ​ផ្ទៃ​ក្នុង។ 

   លោក​ថ្លែង​ថា៖ «យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​គុណភាព​មួយ​ចំនួន​ទៀត ដូចជា បញ្ហា​សុក្រឹត ដែល​អាច​នឹង​ប៉ះពាល់​ដល់​គុណភាព​បកប្រែ»។ 

   លោក Javier Sola នាយក​កម្មវិធី​នៅ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) បាន​ថ្លែង​ថា៖«វា​មាន​បញ្ហា​ខ្លះៗ ដោយ​សារ​វិធី​បកប្រែ​របស់ Google នៅ​មាន​បញ្ហា​ខ្លះៗ​នៅ​ឡើយ»។

   វិទ្យាស្ថាន​បើក​ទូលាយ ដែល​ជា​វិទ្យាស្ថាន​មួយ​កំពុង​ជួយ​ការងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​និង​ប្រាស្រ័យ​ទាក់ទង​នៅ​ទីនេះ បាន​និង​កំពុង​ធ្វើ​ការ​ងារ​នេះ​ជាមួយ​ Google ​ពី​ឆ្នាំ​កន្លង​មក។ 

   លោក Sola បាន​ថ្លែង​ថា​៖ «វា​មាន​លក្ខណៈ​ជា​ទិន្នន័យ​សុទ្ធ​នៅ​ឡើយ។ វា​យក​ប្រយោគ​ដែល​សរសេរ​រាប់​លាន​ប្រយោគ​ជា​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរ ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ក្រុម​ម៉ាស៊ីន​លាង។ ម៉ាស៊ីន​នេះ​បង្កើត​នូវ​ទិន្នន័យ​ដែល​ប្រើប្រាស់​ប្រយោគ​ទាំង​នេះ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​វា​ត្រូវ​ធ្វើ​ការ​បកប្រែ»។ លោក​បន្ថែម​ថា ទិន្នន័យ​កាន់​តែ​ច្រើន ការ​បកប្រែ​កាន់​តែ​សុក្រឹត។ 

   ប៉ុន្តែ ទោះ​យ៉ាង​ណា​ក្ដី ទិន្នន័យ​ដែល​មាន​ស្រាប់​សម្រាប់​ការ​បកប្រែ​ភាសា​អង់គ្លេស​និង​ខ្មែរ​មិន​ទាន់​មាន​ច្រើន​ដូច​ទិន្នន័យ​សម្រាប់​ការ​បកប្រែ​រវាង​ភាសា​អង់គ្លេស និង​បារាំង​ទេ។ 

   លោក ហេង សុវណ្ណ បាន​បញ្ជាក់​ថា៖ «នេះ​នឹង​ត្រូវ​ការ​ពេលវេលា​ដើម្បី​អភិវឌ្ឍ​វា​ឲ្យ​មាន​សមត្ថភាព​ពេញលេញ»។ 

   លោក​បន្ថែម​ថា សុក្រឹតភាព​នៃ​ការ​បកប្រែ​នេះ​នឹង​កាន់​តែ​មាន​ភាព​ច្បាស់លាស់​ទៅ​តាម​ពេលវេលា​អភិវឌ្ឍន៍​គម្រោង​ការ។ 

   ក្រុមហ៊ុន Google មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ភ្នំពេញ ប៉ុស្តិ៍ នៅ​ត្រឹម​ម៉ោង​ចូល​រោងពុម្ព។

   ក្រុម​អ្នក​ជំនាញ​បាន​ថ្លែង​ថា កម្មវិធី​នេះ​នឹង​រួម​ចំណែក​ដល់​ការ​យល់​ដឹង​ទូលំទូលាយ​ជាង​មុន​សម្រាប់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា។ 

   លោក តូ​នី លីម អ្នក​ឯកទេស​គ្រប់គ្រង​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា​៖ «អ្នក​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ នឹង​អាច​ប្រើប្រាស់​កម្មវិធី​ថ្មី​នេះ​ដើម្បី​យល់​ដឹង​សារ​ផ្សេងៗ​ពី​ជនជាតិ​កម្ពុជា»។ 

   លោក​បន្ត​ថា៖ «វា​នឹង​ជា​វិធី​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ទូលំទូលាយ​ជាង​មុន»។ 

   លោក លីម បាន​ថ្លែង​បន្ត​ថា៖ «វា​នឹង​ជួយ​កាត់​បន្ថយ​រនាំង​ឧបសគ្គ​នៃ​ភាសា ដូច្នេះ​អ្នក​ខាង​ក្រៅ​អាចយល់​ពី​អ្វី​ដែល​យើង​និយាយ​ទាក់ទង​គ្នា»៕ PS

_________________________________
ព័ត៌មាន​របស់ : ភ្នំពេញ ប៉ុស្តិ៍ 
Share this article :

0 comments:

Post a Comment

 
Support : Your Link | Your Link | Your Link
Copyright © 2013. Khmer For Like - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger